Tuesday, November 17, 2015

 ទាហាន​និង​ប៉ូលីស​ហ្វីលីពីន​ កំពុង​ស្ថិត​ក្រោម​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ ចាប់ពី​ថ្ងៃ​ច័ន្ទ​នេះ​ មុន​ពេល​សន្និសីទ​មេ​ដឹក​នាំ​អាស៊ីប៉ាស៊ិហ្វិក​ ជួប​ជុំ​គ្នា​ក្នុង​ទី​ក្រុង​ ម៉ានីល​ នៅ​ថ្ងៃ​ពុធ​ទី​ ១៨​ ហើយ​សន្និសីទ​នេះ ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​វាយ​ប្រហារ​ក្នុង​ទី​ក្រុង​ប៉ារីស ។​

ភាព​តាន​តឹង​ក្នុង​តំបន់​ អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ​ នឹង​គ្រប​ដណ្ដប់​លើ​កិច្ច​ប្រជុំ​របស់​មេ​ដឹក​នាំ​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​ (APEC)​ នៅ​សប្ដាហ៍​នេះ​ ដែល​ធ្វើ​ឡើង​ក្នុង​បំណង​ជំរុញ​ដល់​ពណិជ្ជកម្ម​ និង​កំណើន​សេដ្ឋកិច្ច​ក្នុង​តបន់​ដែល​មាន​ប្រជា​ជន​ប្រមាណ​ ៣​ ពាន់​លាន​នាក់ ។​

ប្រទេស​ហ្វីលីពីន​ កំពុង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដោយ​ដាក់​ពង្រាយ​កង​កម្លាំង​រាប់​ពាន់​នាក់​នៅ​ទូទាំង​ទីក្រុង​ ម៉ានីល​ ដែល​មាន​ប្រជាជន​ ១២​ លាន​នាក់ ។​ ផ្លូវ​ធ្វើ​ដំណើរ​ជា​ច្រើន​ឆ្ពោះ​ទៅ​កន្លែង​ប្រជុំ​​ត្រូវ​បាន​បិទ​ ទោះ​ជា​ពុំមាន​ព័ត៌មាន​អំពី​ការ​គម្រាម​ណា​មួយ​យ៉ាង​ណា​ក៏​ដោយ ។​

អ្នក​រៀប​ចំ​សន្និសីទ​និយាយ​ថា​ អគារ​ក្នុង​តំបន់​ដែល​ត្រូវ​រៀប​ចំ​សន្និសីទ​ ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​បង្អួច​ទាំង​អស់​ ដើម្បី​ងាយ​ស្រួល​ដល់​ការ​គ្រប់​គ្រង​សន្តិសុខ ។​ ទោះ​យ៉ាង​ណា​ ជីវ​ពល​ក្នុង​ប្រទេស​ហ្វីលីពីន​ ពុំ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ក្រុម​ ISIS ​ឡើយ​ ប៉ុន្តែ​ក្រុម​ជីវពល​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន​ ធ្លាប់​បាន​វាយ​ប្រហារ​ជា​ច្រើន​លើក​ ក្នុង​ទី​ក្រុង​ម៉ានីល ។​

ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ និង​អន្តរ​ជាតិ​​ជិត​ ១៤០០​ ត្រូវ​បាន​លុប​ចោល​ ចំណែក​សាលារៀន​ និង​ស្ថាប័ន​រដ្ឋ​ ជាច្រើន​កន្លែង​ក្នុង​ទីក្រុង​ ត្រូវ​បាន​បិទ​ទ្វារ​ផង​ដែរ​ អំឡុង​សន្និសីទ​នោះ​ ។​



0 comments:

Post a Comment