Tuesday, November 17, 2015

រណ្ដៅ​កប់​សាកសព​ដ៏​ធំ​មួយ​ ត្រូវ​បាន​រក​ឃើញ​ ដែល​គេ​ជឿ​ថា​ មាន​សាកសព​របស់​ជន​ជាតិ​ភាគ​តិច​ យ៉ាសាឌី​ ជាង​ ៧០​ នាក់​ ស្ថិត​នៅ​ភាគ​ខាង​កើត​ទីក្រុង ​Sinjar  ក្រោយ​ពី​កង​កម្លាំង​ជន​ជាតិ​ខឺត​ ដណ្ដើម​​បាន​តំបន់​ភាគ​ខាង​កើត​ទី​ក្រុង​នេះ​ពី​ក្រុម​ ISIS ។​ 

ISIS បាន​ដណ្ដើម​យក​ទីក្រុង​ Sinjar ដែល​ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ អ៊ីរ៉ាក់​ កាល​ពី​​ខែ​​សីហា​ឆ្នាំ​ ២០១៤​ ហើយ​បាន​សម្លាប់​ជន​ជាតិ​ភាគ​តិច​ យ៉ាសាឌី​ រាប់​ពាន់​នាក់​ និង​មួយ​ចំនួន​បង្ខំ​​ឲ្យ​ធ្វើ​ជា​ទាសករ​ ដែល​អង្គការ​សហ​ប្រជាជាតិ​ហៅ​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​មួយ ។​ 

អភិបាល​ក្រុង​ ស៊ីនចា​ និង​ពល​រដ្ឋ​ក្នុង​តំបន់​ និយាយ​ថា​ មាន​សាកសព​មនុស្ស​ជា​ច្រើន​នាក់​ ស្ថិត​ក្នុង​រណ្ដៅ​ដ៏​ធំ​ ដែល​គេ​ជឿ​ថា​ជា​មនុស្ស​ចាស់​ ដែល​ត្រូវ​បាន​បំបែក​ចេញ​ពី​ក្រុម​ក្មេងៗ​​អំឡុង​ពេល​ការ​សម្លាប់​រង្គាល ។​ ពល​រដ្ឋ​ក្នុង​តំបន់​និយាយ​ថា​ ស្រ្តី​ក្មេងៗ​ ត្រូវ​បាន​ក្រុម​ ISIS​ នាំ​យក​ទៅ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ​ ហើយ​មនុស្ស​ចាស់​ ត្រូវ​បាន​គេ​នាំ​ទៅ​បាញ់​សម្លាប់​ចោល​នៅ​ភាគ​ខាង​កើត​ទី​ក្រុង​ ។​

លោក​ បារ៉ាក់​ អូបាម៉ា​ បាន​បញ្ជា​ឲ្យ​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​ក្រុម​ ISIS​ ក្នុង​ទីក្រុង​ Sinjar ដើម្បី​រារាំង​ការ​សម្លាប់​រង្គាល​ ធ្វើ​ឡើង​ដោយ​ក្រុម​ ISIS​ ដែល​ចាត់​ទុក​ជន​ជាតិ​​យ៉ាសាឌី​ ថា​ជា​អ្នក​គោរព​បិសាច ។​ កង​កម្លាំង​ជន​ជាតិ​ ខឺត​ បាន​ដណ្ដើម​ផ្នែក​ខ្លះ​នៃ​​ទី​ក្រុង​ Sinjar​ ពី​ក្រុម​រដ្ឋ​ឥស្លាម​ កាល​ពី​ថ្ងៃ​សុក្រ​ ក្នុង​ប្រតិបត្តិការ​រយៈ​ពេល​ពីរ​ថ្ងៃ​ គាំ​ទ្រ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​​ពី​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​អាមេរិក ។​ 

ក្រុម​ប្រឹក្សា​តំបន់​ជន​ជាតិ​ខឺត​ និយាយ​ថា​ ភូមិ​ចំនួន​ ២៨​ ត្រូវ​បាន​រំដោះ​ អំឡុង​ប្រតិបត្តិការ​រំដោះ​ Sinjar ។ ទោះ​យ៉ា​ណា ស្រ្តី​ជាង​ពីរ​ពាន់​នាក់​ កំពុង​ស្ថិត​នៅ​ជា​ចំណាប់​ខ្មាំង​របស់​ក្រុម​ISIS ។




0 comments:

Post a Comment