Tuesday, November 17, 2015

ក្រោយ​ហេតុការណ៍​នៅ​ទីក្រុង​ប៉ារីស​បាន​កើត​ឡើង​ វា​បាន​ទាក់​យក​ចំណាប់​អារម្មណ៍​ពី​ពិភពលោក​ស្ទើរ​តែ​ទាំង​មូល ខណៈ​មុន​នេះ​មួយ​ថ្ងៃ​នៅ​ប្រទេស​លីបង់​ក៏​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​ប៉ុន្មាន​គ្រាប់​ដែរ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​ពិភពលោក​គួរ​តែ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ហេតុការណ៍​នៅ​លីបង់​នោះ​គឺ​ វីរភាព​ដ៏​ក្លាហាន​របស់​បុរស​កូន​២​ម្នាក់​ ។ យោង​តាម​ប្រភព​សារព័ត៌មាន Independent បាន​ឲ្យ​ដឹង​ថា គ្រាប់​បែក​២​គ្រាប់​បាន​បំផ្ទុះ​នៅ​ទីក្រុង​បេរូត (Beirut) ប្រទេស​លីបង់​ដោយ​វា​បាន​សម្លាប់​មនុស្ស​អស់​៤៤​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​ជាង​២០០​នាក់​ផ្សេង​ទៀត​រងគ្រោះ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​គួរ​តែ​មាន​ច្រើន​ជាង​នេះ​បើ​សិន​ជា​ពេល​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នោះ​មិន​មាន​បុរស​ឈ្មោះ Adel Termos នៅ​កន្លែង​កើត​ហេតុ ។ លោក Adel Termos គឺ​ជា​វីរបុរស​ម្នាក់​ចំពោះ​ប្រជាជន​លីបង់​ជា​ច្រើន​ដោយសារ​អ្នក​ទាំង​នោះ​អាច​រួច​ជីវិត​បាន​ក៏​ដោយសារ​លោក​ដែរ ព្រោះ​លោក​ជា​បុរស​ដ៏​ក្លាហាន​ម្នាក់​ដែល​ហ៊ាន​លះបង់​ជីវិត​ខ្លួន​ឯង​ក្នុង​គោល​បំណង​ការ​ពារ​ជីវិត​មនុស្ស​ជា​ច្រើន​ឯ​ទៀត ។
ក្រោយ​ពេល​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​បាន​កើត​ឡើង​ហើយ លោក Adel Termos បាន​ឃើញ​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ម្នាក់​ទៀត​ពាក់​គ្រាប់​បែក​នៅ​នឹង​ខ្លួន​ហើយ​បម្រុង​ចូល​មក​បំផ្ទុះ​មួយ​គ្រាប់​ទៀត ប៉ុន្តែ​គ្រាន់​តែ​លោក​ឃើញ​ភ្លាម លោក​បាន​រត់​ទៅ​បំបុក​ផ្ដួល​លើ​ដី​តែ​ម្ដង​ធ្វើ​ឲ្យ​គ្រាប់​បែក​ផ្ទុះ​មុន​ពេល​កំណត់ ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​អស់​តែ​២​នាក់​ប៉ុណ្ណោះ ម្នាក់​ជា​រូប​លោក​ផ្ទាល់ និង​ម្នាក់​ទៀត​ជា​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ។ វីរភាព​របស់​លោក​បាន​ដក់​នៅ​ក្នុង​ដួង​ចិត្ត​របស់​ប្រជាជន​លីបង់​ស្ទើរតែ​ទាំង​មូល ។ ភាព​ក្លាហាន និង​ហ៊ាន​លះបង់​ដើម្បី​អ្នក​ដទៃ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​វីរបុរស​មួយ​រូប​ដែល​ទទួល​បាន​ការ​គោរព​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ទូទៅ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពេល​កើត​ហេតុ Adel Termos គ្រាន់​តែ​ជា​ជន​សាមញ្ញ​ម្នាក់​ដែល​ដើរ​ផ្សា​លេង​ជាមួយ​កូនស្រី​ប៉ុណ្ណោះ ហើយ​បើ​សិន​ជា​លោក​មាន​ចេតនា​ចង់​រត់ចេញ​ពី​ហ្វូង​មនុស្ស​ក្នុង​ពេល​ដែល​លោក​ឃើញ​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នោះ​ក៏​ប្រហែល​ជា​អាច​ទាន់​ពេល​ដែរ ព្រោះ​លោក​ឃើញ​បុរស​ម្នាក់​នោះ​មុន​គេ ។



0 comments:

Post a Comment