Tuesday, November 17, 2015

ការ​ពិត​មិន​មែន​លេង​សើច!! ISIS អាច​នឹង​មាន​មូលដ្ឋាន​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ក្រុម​អង្គការ​រដ្ឋ​ឥស្លាម ISIS ប្រហែល​ជា​អាច​ដាក់​មូលដ្ឋាន​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​មួយ ក្រោយ​ភេរវកម្ម​នា​ទីក្រុង​ប៉ារីស​បាន​បិទ​បញ្ចប់​ទៅ ដោយ​ពួក​សកម្មជន​ប្រយុទ្ធ​មាន​ប្រភព​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​កំពុង​តែ​មាន​គម្រោង​ការ​ប្រមែប្រមូល​ក្រុម​ជ្រុល​និយម​ទាំង​ឡាយ​នៅ​ប្រទេស​ជិត​ខាង​ឲ្យ​មក​ផ្ដុំ​គ្នា រួច​បង្កើត​ជា​ក្រុម​ផ្លូវ​ការ​មួយ ។ យោង​តាម​សារព័ត៌មាន Straitime បាន​ប្រាប់​ឲ្យ​ដឹង​ថា សកម្មជន​មួយ​ក្រុម​ដែល​ស្ថិត​ក្រោម​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​ម៉ាឡេស៊ី​កំពុង​តែ​លាក់​ខ្លួន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ហើយ​ក្រុម​នេះ​កំពុង​តែ​ប្រកូកប្រកាស​រក​គ្នា​មក​ពី​ប្រទេស​ផ្សេងៗ​ដូចជា ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ព្រម​ទាំង​ក្រុម​ប្រដាប់​អាវុធ ​Abu Sayyaf និង Jemaah Islamiah ផង​ដែរ ដោយ​សព្វថ្ងៃ​ក្រុម​ទាំង​២​នេះ​បាន​ពង្រាយ​គ្នា​ស្ទើរ​ពាសពេញ​អាស៊ីអាគ្នេយ៍ ។
មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រកូកប្រកាស​រក​គ្នា​នេះ ដោយ​ក្នុង​នោះ​មាន​អតីត​បុគ្គលិក​ក្រុមប្រឹក្សា​ក្នុង​តំបន់ ​លោក Muhammad Joraimee Awang Raimee ម្ចាស់​ហាង​ទំនិញ លោក Mohd Najib Husen និង​អតីត​សាស្ត្រាចារ្យ​សកលវិទ្យាល័យ​ Malaya លោក Mahmud Ahmad ។ ក្នុង​តួនាទី​ជា​សាស្ត្រាចារ្យ​សកលវិទ្យាល័យ និង​ជា​អ្នក​ធ្លាប់​ទទួល​បាន​ការ​ហ្វឹកហាត់​ពី​ក្រុម Al-Qaeda នៅ​អាហ្វហ្គានីស្ថាន​នា​ចុង​ទសវត្ស​៩០​ផង​នោះ សាស្ត្រាចារ្យ​រូប​នេះ​បាន​ប្រើ​ឋានៈ​របស់​ខ្លួន​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​សិស្ស និស្សិត​ស្ម័គ្រចិត្ត​ចូល​បម្រើ​ឲ្យ​ក្រុម​របស់​គេ ។ តែ​បើ​សិន​ជា​ក្រុម​នេះ​ចង់​បង្កើត​ជា​សាខា​របស់​ក្រុម​ជ្រុលនិយម ISIS មែន មេដឹកនាំ​ក្រុម​នេះ​ចាំ​បាច់​ត្រូវ​តែ​ទៅ​ស្បថស្បែ​ចំពោះ​មុខ​មេដឹកនាំ​ធំ​បំផុត​របស់ ISIS លោក Abu Bakr al-Baghdadi ដើម្បី​បង្ហាញ​ពី​ចិត្ត​ស្មោះ​របស់​គេ ។



0 comments:

Post a Comment