Tuesday, November 17, 2015

ខេត្តកណ្ដាល ៖ ជនសង្ស័យចំនួន៥នាក់ ដែលក្លែងធ្វើជាព្រះសង្ឃដើរបិណ្ឌបាតបច្ច័យអ្នកស្រុក ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យទាំង៥នាក់ ១.ឈ្មោះ លី ឆែឡាក់ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិស្ម ឃុំត្រពាំងស្រែក ស្រុកមេសាង ខេត្តព្រៃវែង។ ២.ឈ្មោះ រី ស៊ឺត ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិស្រះលើ ឃុំពពែល ស្រុកពញា
ក្រែក ខេត្តត្បូងឃ្មុំ។ ៣.ឈ្មោះ សម្បត្តិ ខេមរា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិស្រះលើ ឃុំពពែល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ៤.ឈ្មោះ ព្រាប ប្រុសវី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅ ភូមិស្រះលើ ឃុំពពែល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ៥.ឈ្មោះឡុង សាន ភេទប្រុសអាយុ២៧ឆ្នាំ ទីលំនៅភូមិស្រះលើ ឃុំពពែល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុលោកសង្ឃ៥អង្គ ដើរបិណ្ឌបាតតាមផ្ទះប្រជាជន ដោយកំណត់ឲ្យប្រជាជន ដាក់បាតឲ្យខ្លួន៤ម៉ឺនរៀល ដើម្បីយកទៅទិញត្រៃយ៍ធ្វើបុណ្យកឋិននៅវត្តក្រពើហា។ ពេលនោះប្រជាជនមិនមានលទ្ធភាពដាក់បាតដែលលោកសង្ឃទាំង៥អង្គ នោះកំណត់នោះទេ។ ឃើញដូច្នោះក៏មានការងឿងឆ្ងល់ បានរាយការណ៍មកអាជ្ញាធរ ក្នុងសង្កាត់ព្រែកហូរ ពេលនោះកម្លាំង របស់ប៉ុស្តិ៍ និងមន្ត្រីសង្ឃក្នុសាលាអនុគុណ បានចុះទៅឃាត់ និងនិមិន្តមកសាលាអនុគុណ ក្នុងវត្តក្រពើហាដើម្បីដោះស្រាយជាមួយព្រះអនុគុណ លុះដល់ពេលដែលមន្ត្រីសង្ឃក្នុងសាលាអនុគុណ សិក្សាទៅឃើញថា លោកទាំង៥អង្គនោះ មិនមែនជាលោកសង្ឃពិតប្រាកដនោះទេ។ ដូចនេះព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ ជាព្រះអនុគុណខេត្តកណ្តាល មន្ត្រីសង្ឃក្នុងសាលាគុណ និងលោកប្រធានការិយាល័យធម្មការ បានសម្រេចបកស្បង់ចីវរលោកទាំង៥អង្គនោះ ហើយប្រគល់ឲ្យសមត្ថកិច្ច យកទៅចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងចាប់បកស្បង់ជនសង្ស័យទាំង៥នាក់ហើយ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖
-បាត្រលោក ០៥ -ឆ័ត្រតូច ០៥ -ស្បង់ចីវរ ០៥កំប្លេ -សំពត់ងូត ០៥ -ថង់យាម ០៥ -សំបុត្របុណ្យកឋិនទាន(វត្តគីរីវង្ស)១២សន្លឹក -ប្រាក់ដុល្លា ១០ដុល្លារ -ប្រាក់រៀល១៨៧.៧០០រៀល ៕




0 comments:

Post a Comment